2018-03-02
ភ្នំពេញប៉ុស្តិ៍ | Publication date 29 September 2016 រ៉ឺម៉កកង់បីជាឆ្អឹងទទឹងករបស់អ្នកបើករថយន្តឬ នៅក្នុងរាជធានីភ្នំពេញមានរ៉ឺម៉កកង់បីមិនតិចជាង ៣ ម៉ឺនគ្រឿងទេដែលកំពុងតែធ្វើចរាចរណ៍ និងចតចោលនៅតាមដងផ្លូវសព្វថ្ងៃនេះនៅមិនទាន់គិតពីចំនួនទាំងអស់នៅទូទាំងប្រទេសផង។ ជាទូទៅរ៉ឺម៉កកង់បី ឬម៉ូតូកង់បី និងហៅបែបសាមញ្ញថាកង់បី ឬទុកទុក (TukTuk) នោះត្រូវបានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិកំពុងតែនិយមជ្រើសរើសយកជាមធ្យោបាយសម្រាប់ធ្វើដំណើរ និងដឹកអីវ៉ាន់ជាដើម។ ដោយសារវាអាចផ្ទុកមនុស្សបានច្រើនជាងម៉ូតូឌុប និងមានតម្លៃថោកជាងឡានតាក់ស៊ីទៀតនោះទើបធ្វើឲ្យពលរដ្ឋទូទៅ និងភ្ញៀវទេសចរនិយមពឹងផ្អែកជាយានជំនិះសម្រាប់ដឹកពួកគេហើយវាស្ទើរតែក្លាយជាអត្តសញ្ញាណជាតិមួយទៅហើយ។ បើទោះបីជាយ៉ាងណាក៏ដោយសម្រាប់អ្នកបើកបររថយន្តវិញហាក់ដូចជាមិនសូវសប្បាយ និងមិនចូលចិត្តអ្នករត់កង់បីទាំងនោះទេ។ ពួកគេមើលឃើញថាអ្នករត់កង់បីមួយចំនួនមានចរិតច្រងេងច្រងាង និងបើកបរគ្មានសណ្តាប់ធ្នាប់ហើយថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀតផងដែរ។ ក្នុងចំណោមអ្នកបើកឡានដប់នាក់ទំនងជាមានប្រាំបួននាក់ទៅហើយដែលបានត្អូញត្អែរពីចរិតបើកបររបស់ក្រុមម៉ូតូកង់បីទាំងនោះ។ មានអ្នកបើកបរដែលបាននិងកំពុងប្រើប្រាស់រថយន្តផ្ទាល់ខ្លួននៅតាមដងផ្លូវជាច្រើននាក់បានលើកឡើងថាជារៀងរាល់ព្រឹកនៅពេលដែលគាត់បើករថយន្តទៅធ្វើការម្តងៗគាត់តែងតែឃើញកង់បីជិះវ៉ាគាត់ជានិច្ចបើទោះបីជាផ្លូវស្ទះ និងរ៉ឺម៉កធំយ៉ាងណាក៏ដោយហើយមានពេលខ្លះប៊ិះតែនឹងប៉ះឡានគាត់ក៏មានដែរ។ មានឈ្មោះជាម៉ូតូមែនពិតប៉ុន្តែទំហំ និងមាឌប្រហាក់ប្រហែលនឹងកូនឡានមួយទៅហើយប៉ុន្តែអ្នកបើកបរវិញនៅតែបើកតាមរបៀបម៉ូតូដដែលហើយក៏ព្រោះតែពួកគាត់មានទម្លាប់បើកម៉ូតូស្រាប់ផងនោះទើបធ្វើឲ្យអ្នករត់រ៉ឺម៉កកង់បីមួយចំនួនប្រជ្រៀតជាមួយនឹងម៉ូតូ និងទោចក្រយានយន្តដទៃហើយថែមទាំងមិនគោរពច្បាប់ចរាចរណ៍ទៀតផង។ ការបើកបរប្រជ្រៀតជារឿងមួយឯរឿងមួយទៀតគឺមានម៉ូតូកង់បីខ្លះបានជិះខុសគន្លងផ្លូវ និងបើកបរក្នុងល្បឿនយឺតដែលបណ្តាលឲ្យចរាចរណ៍ដែលកំពុងតែមមាញឹកស្រាប់នោះរឹតតែស្ទះថែមទៀត។ ដោយសារតែសកម្មភាពទាំងនេះជារឿយៗអ្នករត់ម៉ូតូកង់បីខ្លះក៏បានបើកប៉ះជាមួយនឹងរថយន្តថែមទៀតផងដែលបង្កឲ្យមានការផ្ទុះសម្តី និងទារសំណងដាក់គ្នាទៅវិញទៅមក។ ពលរដ្ឋទូទៅតែងនិយាយថា «អាធំចាំតែខុស បើទោះបីជាអាតូចទៅប៉ះអាធំយ៉ាងណាក៏ដោយ»។ ជាក់ស្តែងណាស់វាមិនខុសគ្នាពីអ្វីដែលមនុស្សស្រីវ៉ៃមនុស្សប្រុសហើយមនុស្សស្រីនៅតែត្រូវនោះទេ។ ក៏ប៉ុន្តែអ្នកបើករថយន្តខ្លះទ្រាំនឹងកំហឹងមិនបានក៏បានទាស់ពាក្យសម្តី និងមានពេលខ្លះក៏កើតជាអំពើហិង្សាក៏មាន។ រ៉ឺម៉កកង់បីក៏បានហៅគ្នីគ្នា ឬក្រុមឲ្យជួយនៅពេលមានជម្លោះម្តងៗ។ ទោះបីជាយ៉ាងណាក៏ដោយក៏នៅមានអ្នករត់កង់បីមួយចំនួនគោរពក្រមសីលធម៌ និងមានការទទួលខុសត្រូវខ្ពស់ដោយហ៊ានទទួលកំហុសតាមរយៈការប្រើកាយវិការលើកដៃសំពះសុំទោស និងសូមអង្វរដល់អ្នកបើករថយន្តកុំទារប្រាក់សំណងពីគាត់ទាំងខ្លួនមានជីវភាពខ្វះខាត និងរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារដោយលំបាកនោះ។ នៅមានរឿងជាច្រើនទៀតដែលធ្វើឲ្យអ្នកបើកបររថយន្តគិតថារ៉ឺម៉កកង់បីជាឆ្អឹងទទឹងករបស់ពួកគេ។ករណីមួយដែលគួរពិចារណាទាំងអស់គ្នានៅត្រង់ថាការបត់ត្រឡប់ក្រោយ ឬបត់ឆ្វេងស្តាំរបស់ពួកគាត់ភាគច្រើនគឺធ្វើភ្លាមៗទាំងកំពុងតែធ្វើដំណើរតាមតែអំពើចិត្តហើយមានពេលខ្លះជិះឆ្វែលចុះឆ្វែលឡើងពេញផ្លូវក៏ត្រូវបានអ្នកបើកបររថយន្តលួចជេរមិនតិចដែរ។ ការចតទទឹងទទែងតាមចិញ្ចើមផ្លូវគ្មានរបៀបរៀបរយក៏ជាប្រភពបង្កឲ្យមានការកកស្ទះចរាចរណ៍ផងដែរ។ ជាក់ស្តែងនៅតាមតំបន់មាត់ទន្លេ និងមុខព្រះបរមរាជវាំងដែលជាកន្លែងសម្បូរទៅដោយភ្ញៀវទេសចរបរទេស និងជាប្រភពចំណូលដ៏ធំមួយរបស់អ្នករត់ម៉ូតូកង់បីដែលចេះនិយាយភាសាអង់គ្លេសខ្លះៗផងនោះហាក់បានក្លាយទៅជាកន្លែងស្ទះចរាចរណ៍ដោយសារវត្តមានម៉ូតូកង់បីដែលតែងបើកបរ ឬចតគ្មានរបៀបរៀបរយនៅទីនោះ។ ជាដំណោះស្រាយលើបញ្ហានេះគេកម្របានឃើញអាជ្ញាធរចុះមករៀបចំណាស់ហើយប្រសិនបើមានការរៀបចំវិញគេឃើញមានតែប៉ូលិសចរាចរណ៍ និងកងរាជអាវុធហត្ថគ្រាន់តែមកដេញម៉ូតូកង់បីទាំងនោះកុំឲ្យចតតាមដងផ្លូវខណៈពេលមានក្បួនរថយន្តគណៈប្រតិភូឆ្លងកាត់ប៉ុណ្ណោះហើយពេលក្បួននោះទៅផុតអ្វីៗក៏នឹងត្រឡប់មកសភាពដើមដដែល។ មែនទែនទៅទោះជាច្បាប់តម្រូវឲ្យអ្នកបើករ៉ឺម៉កកង់បីទាំងអស់ត្រូវទៅប្រឡងបើកបរដើម្បីយកពាក់មី ឬប័ណ្ណបើកបរ និងឈៀកដូចរថយន្តក្តីក៏អ្នករត់កង់បីមួយចំនួនធំនៅតែបើកបរល្មើសច្បាប់ដោយមិនគោរពភ្លើងសញ្ញាចរាចរណ៍គំនូសសញ្ញាចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍ជាដើមនោះឡើយ។ លោក យ.ស.រ ដែលជាអ្នករត់កង់បីជើងចាស់មួយរូបបានសារភាពថាកន្លងមកលោកពិតជាបានបើកបរល្មើសច្បាប់ដូចបានរៀបរាប់ពីខាងដើមមែនតែមិនធ្លាប់បង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ។ លោកក៏បានឆ្លើយការពារថា៖ ការដែលលោកមិនគោរពភ្លើងស្តុបក៏ព្រោះតែលោកចង់បំពេញតម្រូវការភ្ញៀវដែលចង់ឲ្យតែដល់គោលដៅឆាប់ៗ និងឃើញនៅជិតភ្លើងស្តុបនោះមិនមានប៉ូលិសហើយទូលាយ។ ម្យ៉ាងវិញទៀតមិនចង់ឲ្យស្ទះអ្នកនៅចាំស្តុបក្រោយៗទៀតទើបធ្វើឲ្យលោកបង្ខំចិត្តបន្តដំណើរដោយមិនចាំភ្លើងខៀវដូច្នេះ។ ទាំងអស់នេះបានបង្កឲ្យមានផលលំបាកជាច្រើនដល់សង្គមជាតិ និងអ្នកបើកបររថយន្តក៏ដូចជាអ្នករត់កង់បីខ្លួនឯងផ្ទាល់ផងដែរទាំងបច្ចុប្បន្នកាល និងពេលអនាគត។ កត្តាទាំងនេះហើយដែលធ្វើឲ្យសីលធម៌សង្គមខ្មែរមានការធ្លាក់ចុះ និងអនាធិបតេយ្យរីឯបរទេសឲ្យតម្លៃទាបជាពិសេសភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តប្រទេសយើងថែមទៀតផង។ ចំណែកឯអ្នកបើកបររថយន្តរឹតតែខឹងសម្បា និងអាចនឹងប្រកាន់វណ្ណៈរវាងអ្នកមានរថយន្ត និងអ្នកក្រកង់បីក៏ថាបាន។ រីឯអ្នករត់កង់បីខ្លួនឯងផ្ទាល់ក៏អាចនឹងបាត់បង់ចំណូលដោយគេងាកមកប្រើប្រាស់រថយន្តក្រុងសម្រាប់ប្រជាជនទូទៅ និងជិះតាក់ស៊ីសម្រាប់ភ្ញៀវបរទេស។ ដូចនេះដើម្បីចូលរួមដោះស្រាយបញ្ហាដែលកំពុងតែកើតមានក្នុងសង្គមសព្វថ្ងៃនេះរាជរដ្ឋាភិបាលគួរតែមានយន្តការរឹតបន្តឹងច្បាប់សម្រាប់អ្នកបើកបររ៉ឺម៉កកង់បីនេះឲ្យមានប្រសិទ្ធភាព និងតម្លាភាព។ ដូចគ្នានេះដែរអ្នករត់កង់បីខ្លួនឯងគួរតែពិចារណាឡើងវិញពីឥរិយាបថនៃការបើកបររបស់ខ្លួន។ ម្យ៉ាងអ្នកបើកបររថយន្តទៀតសោតក៏គួរតែប្ដូរឥរិយាបថរបស់ខ្លួន និងមិនត្រូវប្រើពាក្យគំរោះគំរើយជាមួយនឹងអ្នករត់ម៉ូតូកង់បីឡើយ។ ទន្ទឹមនឹងនេះដែរអ្នករត់ម៉ូតូកង់បី និងអ្នកបើកបររថយន្តគួរតែចេះអត់ឱនឲ្យគ្នាទៅវិញទៅមកនៅពេលដែលកំពុងតែប្រើប្រាស់ផ្លូវសាធារណៈ។ ដូច្នេះប្រសិនបើរាជរដ្ឋាភិបាល និងអ្នករត់រ៉ឺម៉កកង់បីក៏ដូចជាអ្នកបើកបររថយន្តចេះសាមគ្គី និងយោគយល់គ្នាគួបផ្សំនឹងការអប់រំគ្នាទៅវិញទៅមកនោះយើងនឹងអាចកែប្រែសង្គមស៊ីវិល័យមួយនេះឲ្យមានសណ្តាប់ធ្នាប់ល្អរីឯការកកស្ទះចរាចរណ៍វិញក៏នឹងត្រូវបានកាត់បន្ថយហើយសីលធម៌សង្គមក៏ត្រូវបានលើកកម្ពស់ផងដែរដើម្បីឲ្យប្រជាជនកម្ពុជា និងភ្ញៀវបរទេសអ្នកបើកបរតាមដងផ្លូវប្រកបដោយស្នាមញញឹមជាក់ជាមិនខាន៕