Freshnews សហជីពតំណាងកម្មករជាង១០ម៉ឺននាក់ ចេញលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកាជូនកម្មការិនី ពេលសម្រាលកូន​
2017-09-07
(ភ្នំពេញ)៖ សហព័​ន្ធសហជីពសម្លេងយុវជនខ្មែរ (V.K.U.F) តំណាងកម្មករ កម្មការិនីជាង១​ម៉ឺននាក់ បានចេញសេចក្តីថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់កាដូជូនកម្មការិនី ដែលសម្រាលកូនចាប់ពី៤០ម៉ឺនរៀល ដល់១,២លានរៀល ដែលថ្លែងនៅចំពោះមុខកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា​។ លោក ឡុង សុផាត ប្រធានសហព័​ន្ធសហជីពសម្លេងយុវជនខ្មែរ បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ថា «សម្តេចតេជោ នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាសផ្តល់ជូនក​ម្មការិនីមានផ្ទៃពោះ ពេលឈប់សម្រាកសម្រាលកូន (លំហែមាតុភាព) ទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធនូវថវិកា ដូចខាងក្រោម ទី១៖ចំពោះស្ត្រីសម្រាលបានកូនមួយ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល, ទី២៖ចំពោះស្ត្រីសម្រាលកូនភ្លោះ ទទួលបានថវិកាចំនួន៨០ម៉ឺនរៀល, និងទី៣៖ចំពោះស្ត្រីសម្រាលកូនភ្លោះ៣ ទទួលបានថវិកាចំនួន១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិតមួយចំនួនទៀត»។ ​ជាមួយនឹងការសម្រេចដ៏វិសេសវិសាលនេះ «​សហព័​ន្ធសហជីពសម្លេងយុវជនខ្មែរ សូមថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីសុខទុក្ខ សម្រាប់ការរស់នៅ និងធ្វើការរបស់បងប្អូន កម្មករ កម្មការិនី ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់»។