សហជីពបារម្ភពីប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ ខណៈក្រសួងនឹងបង្កើតតុលាការការងារ
2016-07-06
VOD ដោយ កញ្ញា ខាន់ លក្ខិណា:សហជីពមួយចំនួនបន្តបង្ហាញពីក្តីបារម្ភពីប្រសិទ្ធភាព និងឯករាជ្យភាពនៃការអនុវត្តច្បាប់របស់តុលាការការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយនេះ ដើម្បីដោះស្រាយបញ្ហាវិវាទការងារ។

កាលពីថ្ងៃទី៥ ខែកក្កដា នៅក្នុងកម្មវិធីសន្និសិទថ្នាក់ជាតិ ស្តីពីទំនាក់ទំនងវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានមានប្រសាសន៍ថា ក្រសួងបានកំណត់ពេលវេលារួចហើយដើម្បីដាក់ឲ្យដំណើរការតុលាការការងារ ហើយក្រសួងគ្រោងនឹងបញ្ចប់នីតិវិធីសេចក្តីព្រាងច្បាប់ ដែលនឹងអាចចេញរូបរាងនៅឆ្នាំក្រោយ។

លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បន្ថែមថាការបង្កើតតុលាការនេះ គឺដើម្បីពង្រីកនីតិវិធីក្នុងការដោះស្រាយបញ្ហាវិវាទការងារ និងពង្រឹងការអនុវត្តច្បាប់សហជីព និងច្បាប់ការងារ និងច្បាប់ផ្សេងៗទៀត។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ សម្ដែងការគាំទ្រដែលក្រសួងការងារបង្កើតឲ្យមានតុលាការសម្រាប់ដោះស្រាយបញ្ហាវិវាទការងារ ដោយលោកថា ចៅក្រមដែលកាត់ក្ដីរឿងទូទៅ កន្លងមក មិនសូវមានជំនាញខាងផ្នែកការងារ ហើយការកាត់ក្ដីចំនួនមិនបានស៊ីជម្រៅដែលឲ្យធ្វើខាតបង់ប្រយោជន៍កម្មករ។

លោកបន្តថា ដើម្បីឲ្យស្ថាប័នតុលាការឯករាជ្យ មិនមែនតែងតាំងដោយស្ថាប័នរដ្ឋាភិបាលនោះទេ ។

លោកមានប្រសាសន៍ថា៖” ស្ថាប័នតុលាការ ស្ថាប័នរដ្ឋសភា ស្ថាប័នរដ្ឋាភិបាល ហើយស្ថាប័នទាំងបីនេះគឺមានន័យថាដាច់ចេញពីគ្នា ចុះបើសិនតុលាការតែតែងតាំងដោយនីតិបញ្ញត្តិ តើតុលាការហ្នឹងគាត់ទៅមានឥទ្ធិពលអីទៅឯករាជ្យបានគឺដោយសារគាត់នៅក្រោមឥទ្ធិពលរដ្ឋាភិបាល ចឹងយើងចង់ឲ្យតែងតាំងចៅក្រមអាចជាព្រះមហាក្សត្រ ឬការបោះឆ្នោតចេញពីកម្មករនយោជិក  នយោជក និងរដ្ឋាភិបាលបីត្រីភាគីហ្នឹង យើងបង្កើតគណៈកម្មាការហើយជ្រើសរើសទៅចៅក្រមហ្នឹង  ហើយបន្ទាប់មកចៅក្រមហ្នឹងមានអាណាត្តិក្នុងករណីដែលចៅក្រមហ្នឹងធ្វើខុសយើងអាចធ្វើតាមនីតិវិធី ឬដល់អាណាត្តិយើងអាចទម្លាក់គាត់ចោលបាន។”

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ប្រសិនកម្ពុជាមានតុលាការការងារដែលមានជំនាញគឺជារឿងល្អសម្រាប់ដោះស្រាយបញ្ហាដែលកើតឡើងលើវិវាទការងារ។

ប៉ុន្តែលោកបន្តថា ដើម្បីធានាឲ្យតុលាការការងារនេះឯករាជ្យ គឺទាល់តែធ្វើវិសោធន៍កម្មច្បាប់គ្រប់គ្រងដំណើរការរបស់ចៅក្រម ព្រះរាជអាជ្ញា។

លោកមានប្រសាសន៍ថា៖” ច្បាប់គ្រប់គ្រងតុលាការនេះ គឺជាគ្រឹះ ជាមូលដ្ឋាន បើសិនជាគ្រឹះអត់រឹងមាំវាធ្វើឲ្យតុលាការ ដំបូង សាលាឧទ្ធរណ៍ សាលាកំពូលគឺវាអត់មានឯករាជ្យភាព អញ្ចឹងបានខ្ញុំថា បើសិនដរាបណាច្បាប់ហ្នឹង មិនមានការធ្វើវិសោធន៍កម្មទេ ដើម្បីឲ្យមានឯករាជ្យភាពរបស់ប្រព័ន្ធតុលាការទេ យើងមានការព្រួយបារម្ភថា តុលាការការងារដែលបង្កើតឡើងគឺអាចហ្នឹងមិនឯករាជ្យដែរ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នីតិវិធីការងាររបស់តុលាការការងារ ក្រសួងគ្រោងនិងដាក់ភាគីពាក់ព័ន្ធពិនិត្យ។

លោកមានប្រសាសន៍ថា៖ “ដាក់ឲ្យដំណើរការងារនេះគួរកុំប្រើអារម្មណ៍នេះ សូមប្រើប្រាស់ទិដ្ឋភាពច្បាប់ហើយ ពិនិត្យទៅលើបណ្ដាលប្រទេសនៅជុំវិញ ហើយហ្នឹងគោលការណ៍ជាសកល ។ ខ្ញុំគិតថាកម្ពុជាមិនធ្វើអ្វីមួយដែលវាប្លែក ខុសពីសកលនោះទេ អញ្ចឹងយើងគួររងចាំមើលតទៅទៀត ហើយខ្ញុំក៏អំពាវនាវសូមឲ្យភាគីពាក់ព័ន្ធទាំងសូមប្រើប្រាស់ទិដ្ឋភាពច្បាប់នៅក្នុងការអត្ថាធិប្បាយ ហើយក៏សូមសិក្សា ស្រាវជ្រាវអំពើការអនុវត្តជាទូទៅនៃវិធានចៅក្រម ឬមួយក៏នីតិវិធីនៃការតែងតាំងចៅក្រម”

គួររំលឹកដែរថា ការដោះស្រាយវិវាទការងារ រវាងថៅកែក្រុមហ៊ុន និងកម្មករនិយោជិត គឺត្រូវធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលដើរតួនាទីក្នុងការដោះស្រាយវិវាទការងារសហមូលសហភាពចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ។