អាជីវករ​ផ្សារ​កំពង់ធំ​រិះគន់​មន្ត្រី​កាំកុងត្រូល​ខេត្តកំពង់ធំ​ថា​កំពុង​បំផ្លាញ​ជីវភាព​របស់​ប្រជាពលរដ្ឋ​
2016-05-03
ដោយ មនសិការខ្មែរ : អនុប្រធាន​សាខា​កាំកុងត្រូល ខេត្តកំពង់ធំ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម លោក លៀង សុភា និង​មន្ត្រីក្រោមឱវាទ​ត្រូវបាន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​កំពង់ធំ រិះគន់ថា​បំពេញការងារ​មិនបាន​ត្រឹមត្រូវ​តាម​នីតិវីធី​ច្បាប់​នោះទេ​ដែល​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មុខរបរ​របស់​អាជីវក​រ ហើយក៏​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​

អនុប្រធាន​សាខា​កាំកុងត្រូល ខេត្តកំពង់ធំ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម លោក លៀង សុភា និង​មន្ត្រីក្រោមឱវាទ​ត្រូវបាន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​កំពង់ធំ រិះគន់ថា​បំពេញការងារ​មិនបាន​ត្រឹមត្រូវ​តាម​នីតិវីធី​ច្បាប់​នោះទេ​ដែល​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មុខរបរ​របស់​អាជីវក​រ ហើយក៏​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​កំពង់ធំ​បាន​បញ្ជាក់ថា​មន្ត្រី​ជំនាញ​មិនបាន​រឹតបន្តឹង និង​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព​ដែល​ហូរ​ចូល​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​តាម​ព្រំដែន និង​ផ្លូវជាតិ​សំខាន់ៗ​ចូល​ខេត្តកំពង់ធំ​នោះទេ តែ​ពួកគេ​បែរជា​មក​ចាំ​ចាប់​ទំនិញ​ដែល​លក់​នៅលើ​ទីផ្សារ​ទៅវិញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​កាំកុងត្រូល​នេះហើយ​ដែលជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ហើយ​ពួកគេ​បែរជា​មក​ចាំ​ចាប់ពី​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​ទៅវិញ ខណៈ​ទំនិញ​ទាំងនោះ​បើ​មន្ត្រី​ជំនាញ​មិន​អនុញ្ញាត​ក៏​ឈ្មួញ​មិនអាច​ដឹក​ចូលក្នុង​ខេត្តកំពង់ធំ ហើយ​លក់​ចែកចាយ​ឲ្យ​អាជីវករ​នៅតាម​ទីផ្សារ​បានដែរ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​កំពង់ធំ​បាន​បញ្ជាក់ថា ពួកគាត់​មិន​ជំទាស់​មន្ដ្រី​ជំនាញ​ដែល​បាន​យកចិត្តទុកដាក់​ទៅលើ​ផលិតផល ទំនិញ​ម្ហូបអាហារ ភេសជ្ជៈ​គ្រឿង​ឧ​ប​ភាគ បរិភោគ បន្លែ ផ្លែឈើ ដែល​អាជីវករ​កំពុង​ដាក់តាំង​លក់​នៅតាម​តូប​ក្នុង​ផ្សារ ដើម្បី​ធ្វើ​ឲ្យ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ម្ហូបអាហារ ប្រកបដោយ​សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​សុខភាព​នោះទេ តែ​មន្ត្រី​ជំនាញ​គប្បី​ទប់ស្កាត់​តាមផ្លូវ និង​តាម​ដេប៉ូ​ចែកចាយ​ធំៗ​ផងដែរ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ អាជីវករ​ផ្សារ​កំពង់ធំ​បាន​សង្កត់ធ្ងន់ថា ពួកគាត់​មិនបាន​យល់ដឹង​ច្រើន​ពី​គុណភាព​របស់​ទំនិញ​នោះទេ ពិសេស​ប្រភេទ​អាហារ​កំប៉ុង ដូច្នេះ​បើ​មន្ត្រី​ជំនាញ​មិន​ចាប់​ទំនិញ​ខូចគុណភាព​តាមផ្លូវ ហើយ​ចាំ​ចាប់​តាម​ផ្សារ​ពី​អាជីវករ អ្នកខាតបង់​ខ្លាំង​មិនមែនជា​ឈ្មួញ​ខិលខូច​នោះទេ តែ​ជា​អាជីវករ និង​ប្រជាពលរដ្ឋ​ដដែល​ទទួល​អាហារ​ខូចគុណភាព ហើយ​បញ្ហា​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់​។ ដោយហេតុថា ខណៈ​វិស័យ​សុខាភិបាល​ប្រទេស​កម្ពុជា​នៅ​ទន់ខ្សោយ​នៅឡើយ​នោះ អាហារ​ខូចគុណភាព​ដែល​ដាក់លក់​នៅលើ​ទីផ្សារ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជម្ងឺ​ផ្សេងៗ​កាន់តែ​ច្រើនឡើងៗ​៕

fn-2016-05-03-12-29-18-1

តំណភ្ជាប់ http://www.moneaksekar.com/50093.html/