អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​គ.ជ.ប​ជា​បន្ទាន់
2016-05-02
RFA ដោយ យ៉ង ចាន់តារា: អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ៥៩​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ល្ងាច​ថ្ងៃ​ទី​២ ឧសភា ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​លើ​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​មន្ត្រី​អង្គការ​សហប្រជាជាតិ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ករណី​នេះ​ថា​មាន​ចរិត​នយោបាយ និង​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​រដ្ឋ​ដោយ​ខុស​នីតិវិធី ដើម្បី​ជា​ឧបករណ៍​គំរាម​កំហែង​បង្កើត​ជា​ករណី​ព្រហ្មទណ្ឌ និង​ដាក់​ទោស​ចំពោះ​សកម្មភាព​ស្រប​ច្បាប់​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល។

ក្រុម​សង្គម​ស៊ីវិល​ថ្លែង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចាត់​ការ​ករណី​អំពើ​ពុក​រលួយ​ទូទៅ​នៅ​កម្ពុជា មិន​មែន​ដើម្បី​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

ក្រុម​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង ៥​នាក់​នោះ​ជា​បន្ទាន់ ហើយ​និង​ផ្តល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​ពួក​គេ​អាច​បំពេញ​មុខងារ​របស់​ខ្លួន​ដោយ​សេរី រួច​ផុត​ពី​ការ​គំរាម​កំហែង និង​ការ​ដាក់​ទោស​ទណ្ឌ​ផ្សេងៗ។ ពួក​គេ​ក៏​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​យុត្តិធម៌​លើ​សំណុំ​រឿង​នេះ និង​ទទូច​ឲ្យ​បញ្ឈប់​ការ​លូក​ដៃ​ជ្រៀតជ្រែក​ពី​អង្គ​នីតិប្រតិបត្តិ​មក​លើ​តុលាការ៕